ភ្នំពេញ (ថ្ងៃទី១១ ខែកញ្ញា)៖ ក្រុមហ៊ុនផាប៊ូរី អ៊ិនវេសម៉ិន ឯក ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសថា អគារ ធី ខេ សេនត្រល បានឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ លើកទី៥ ដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០។
អគារ ធី ខេ សេនត្រល របស់ក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក ក៏បានជាប់ឈ្មោះក្នុងគម្រោងឆ្នើម ក្នុងនាមជា អគារមានការរចនាម៉ូដស្ថាបត្យកម្មអាផាតមិនសេវាកម្មដែលល្អបំផុត និងស្ថាបនិកអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះដែលល្អបំផុត ផងដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដដែលនេះ។
លោក តែ វង្សឆាយ អគ្គនាយកក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីរីករាយណាស់ដែលអគារពាណិជ្ជកម្មចម្រុះរបស់យើង បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ការឈ្នះពានរង្វាន់ទាំងនេះ បញ្ជាក់អំពីការទទួលស្គាល់ពីកម្រិតស្តង់ដារទាំងលើសំណង់អគារ រចនាបទស្ថាបត្យកម្ម សុវត្ថិភាព សេវាកម្ម និងការគ្រប់គ្រងប្រតិបត្តិការក្នុងអគារ។ ការឈ្នះពានរង្វាន់នេះក៏ពង្រឹងការជឿទុកចិត្ត និងការជឿជាក់បន្ថែមទៀតពីអតិថិជនជាសក្តានុពលនានា ក្នុងការសហការជាមួយនឹងយើង ផងដែរ»។
អំឡុងពេលនៃព្រឹត្តិការណ៍នេះ ពានរង្វាន់ច្រើនជាង៣០ និងការទទួលស្គាល់ពីគម្រោងឆ្នើមខុសៗគ្នាជាង២៥ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមហ៊ុនអចលនទ្រព្យចំនួន១១ ដើម្បីទទួលស្គាល់ពីក្រុមហ៊ុន និងម្ចាស់គម្រោងអភិវឌ្ឍឆ្នើមៗបំផុតក្នុងប្រទេសកម្ពុជា។
ធី ខេ សេន ត្រល គឺជាអគារពាណិជ្ជកម្មចម្រុះ មានទីតាំងស្ថិតនៅចំកណ្ដាលខណ្ឌទួលគោក ដែលពោរពេញដោយការអភិវឌ្ឍឥតឈប់ឈរ និងប្រមូលផ្តុំដោយ ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារ សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថានឯកជន និងស្ថាប័នសាធារណៈនានា។
ធី ខេ សេន ត្រល គឺជាអគារដែលរួមបញ្ចូលដោយហាងទំនិញ អគារការិយាល័យ និង អាផាតមិន បងើ្កតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកគ្រប់គ្នាក្នុងការបំពេញការងារ ប្រកបអាជីវកម្ម និងស្នាក់នៅ។
អគារទាំងមូលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ រួមមានប្រព័ន្ធការពារអគ្គិភ័យ កាមេរ៉ាសុវត្ថិភាព ប្រពន្ឋ័គ្រប់គ្រងច្រកចេញ-ចូល សេវាសន្តិសុខ២៤ម៉ោងរៀងរាល់ថ្ងៃ និង មានចំណតយានយន្តធំទូលាយ៕